(បាត់ដំបង)៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៖១៥នាទី នៅចំណុចភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតខ្វែវកាប់) មួយកើតឡើង បង្កដោយជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពកាប់ទៅលើជនរគ្រោះចំនួន ០២នាក់ និងកាប់ម៉ូតូរបស់ជនរងគ្រោះឈ្មោះ រ៉េត សុភាព ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅក្រុមទី៣ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួសរលាត់ចេញឈាមលើស្មាខាងស្តាំ ០១កន្លែង (របួសស្រាល) និងម្នាក់ទៀតឈ្មោះ ឌីណា រតនា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួសកំភួនដៃខាងឆ្វេងរលាត់ចេញឈាម ០១កន្លែង រងរបួសរលាត់ចេញឈាមខ្នង ០២កន្លែង (របួសស្រាល) និងបណ្តាលឱ្យខូចខាតម៉ូតូចំនួន ០១គ្រឿង ម៉ាកហុដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ផ្លាកលេខ បាត់ដំបង 1AR-7682 និងខូចខាតបែកស្តុបក្រោយ បែកកាត់តាប៊ូខាងមុខ បែកកុងទ័រ និងក្បាលម៉ូតូខូចខាតទាំងស្រុង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍វរសេនីយ៍ទោ សឿង សាម៉េត អធិការស្តីទីនគរបាលស្រុកឯកភ្នំ បានចុះធ្វើស្រាវជ្រាវ កំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៩នាក់ នៅចំណុចភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៣៖០០នាទី។
ជនសង្ស័យទាំង ០៩នាក់ រួមមាន៖
១.ឈ្មោះ ចាន់ សុខណា ហៅង៉ោល ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង
២.ឈ្មោះ ធី ធិ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
៣.ឈ្មោះ សឿន កញ្ចនា ហៅកាញ់ ភេទស្រី អាយុ ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
៤.ឈ្មោះ អឿម មិថុនា ភេទស្រី អាយុ ១៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង
៥.ឈ្មោះ ខុម ឧត្តម ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្រុមទី៧ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង
៦.ឈ្មោះ ភិន សុភស្ស ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
៧.ឈ្មោះ ប៉ែត ពៅ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
៨.ឈ្មោះ មាឃ សំណាង ហៅចឺត ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
៩.ឈ្មោះ ទ្រី វេហា ហៅ បឺត ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដើម្បីធ្វើការសាកសួរ។
ក្រោយពីសាកសួរមក ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ នៅត្រង់ចំណុចកើតហេតុខាងលើ ពិតប្រាកដមែន។
វត្ថុតាងដកហូតបាន៖ កាំបិតផ្គាក់ចំនួ០១, កាំបិតកែច្នៃពណ៌សចំនួន០១, ម៉ូតូចំនួន ០៣គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕


