ក្នុងឆ្នាំ២០២៥ សមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បង្ក្រាបអំពើជួញដូរ ចែកចាយ និងប្រើប្រាស់ គ្រឿងញៀនបានចំនួន ១៤៣លើក បើប្រៀបធៀបនឹងឆ្នាំ២០២៤ ចំនួន ១៦៣លើក ថយចុះចំនួន ២០លើក ស្មើ នឹង៥១% ឃាត់ខ្លួនបាន ២៣២ នាក់ ស្រី ១០នាក់។ នេះតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ។
ក្នុងនោះករណីជួញដូរចំនួន ៨៤ លើក, ករណីរក្សាទុកចំនួន ៥២ លើក, ករណីប្រើប្រាស់ចំនួន ០៦លើក និងករណីដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ លើក។ មុខសញ្ញា និងវត្ថុតាងទាំងអស់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្ត។
ថ្វីត្បិតតែខេត្តក្រចេះ ពុំមានការផលិត និងពុំមានការកែច្នៃគ្រឿងញៀន ក៏ប៉ុន្តែខេត្តក្រចេះនៅមានភាពប្រឈមចំពោះសកម្មភាពដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ សកម្មភាពចែកចាយតាមគ្រប់រូបភាព និងការប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន ដែលករណីនេះ បាននឹងកំពុងធ្វើសកម្មភាពរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបដោយឈរលើមូលដ្ឋានច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ពាក់ព័ន្ធសភាពការណ៍បទល្មើសព្រហ្មទណ្ឌ និងកិច្ចប្រតិបត្តិការ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌ បានកើតឡើងចំនួន ៤៥លើក បើប្រៀបធៀបនឹងឆ្នាំ២០២៤ ចំនួន ៨៤លើក មានការថយចុះចំនួន ៣៩លើក។ ក្នុងនោះ បទឧក្រិដ្ឋ កើតឡើង ចំនួន ២៧លើក និងបទមជ្ឈិម កើតឡើង ចំនួន ១៨លើក ជាលទ្ធផលបង្ក្រាបបានចំនួន ៤៤លើក ស្មើនឹង ៩៨%៕

