(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងរៀបចំថ្នាក់រៀនបណ្តោះអាសន្ន នៅទីតាំងសុវត្ថិភាពក្នុងជំរំភៀសសឹក និងបង្កលក្ខណៈងាយស្រួល ជំរុញលើកទឹកចិត្តឱ្យសិស្សភៀសសឹកឱ្យបានចូលរៀន ដើម្បីកាត់បន្ថយអត្រាសិស្សបាត់បង់ និងបោះបង់ការសិក្សាដោយសារសង្គ្រាម។
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់អ្នកសារព័ត៌មានថា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកទល់ពេលនេះ នៅជំរំមួយចំនួន ថ្នាក់រៀនបណ្តោះអាសន្ន បានដាក់ឱ្យដំណើរការហើយ ខណៈក្រសួងបាននិងកំពុងរៀបចំបន្ថែមទៀត ដោយមានការចូលរួមឧបត្ថម្ភស្តង់ប្រមាណ ១៣០ស្តង់ និងសម្ភារសិក្សាផ្សេងៗ ពីក្រុមហ៊ុនជាសប្បុរសជន ដែលក្រសួងនឹងយកទៅចែជូនតាមបណ្តាខេត្ត នាថ្ងៃទី២៣ ខែធ្នូខាងមុខ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈបណ្តាញសង្គម ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ បានណែនាំដល់ គ្រប់មន្ទីអប់រំ យុវជន និងកីឡា តាមបណ្ដាខេត្ត/ក្រុង ទូទាំងប្រទេស បន្តសហការជាមួយអាជ្ញាធរខេត្តតាមតំបន់ ពិនិត្យលទ្ធភាពរៀបចំជាថ្នាក់រៀនបណ្ដោះអាសន្ននៅទីតាំងសុវត្ថិភាពក្នុងជំរំភៀសសឹក និងបង្កលក្ខណៈងាយស្រួល ជំរុញលើកទឹកចិត្តឱ្យសិស្សភៀសសឹកឱ្យបានចូលរៀន ដើម្បីកាត់បន្ថយអត្រាសិស្សបាត់បង់ និងបោះបង់ការសិក្សាដោយសារសង្គ្រាម។
រដ្ឋមន្ត្រីអប់រំ ក៏បានអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្តជួយឧបត្ថម្ភគាំទ្រដល់ក្រុមសិស្សានុសិស្ស តាមលទ្ធភាពដែលអាចធ្វើទៅបាន ដូចជា សម្ភារៈសិក្សា ប៊ិច សៀវភៅ និងរបស់ចាំបាច់ជាច្រើនផ្សេងទៀត ហើយក្រសួងនឹងដឹកជញ្ជូនបន្តទៅដល់ខេត្តដែលរងផលប៉ៈពាល់ជាបន្តបន្ទាប់។
សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែធ្នូ ក្រុមការងារមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ ដោយសហការជាមួយអាជ្ញាធរក្រុង បានរៀបចំកន្លែងសម្រាប់បង្រៀនសិស្សបណ្ដោះអាសន្នមួយនៅទីតាំងសុវត្ថិភាពក្នុងជំរំភៀសសឹក និងបាននាំយកនូវ សម្ភារៈសិក្សា មួយចំនួន ដូចជា សៀវភៅសិក្សា សៀវភៅសរសេរ ប៊ិច ខ្មៅដៃ ដែលទទួលបានពីក្រសួង និងសប្បុរសជននានា យកទៅជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សភៀសសឹក។ នៅទីតាំងនេះដែរ ក្រុមការងារក៏បានទុកសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃមួយចំនួន ជាពិសេសទឹកសុទ្ធជាច្រើនកេស សម្រាប់ លោកគ្រូ អ្នកគ្រូ និងក្រុមការងារ អាចប្រើប្រាស់បានតាមការគួរ ដើម្បីគាំទ្រដល់ដំណើរការរៀននិងបង្រៀន ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនដល់ប្រធានការិយាល័យក្រុង/ស្រុក ទាំង៥ ដើម្បីដោះស្រាយបញ្ហាចំពោះមុខតាមភាពជាក់ស្តែង។ បច្ចុប្បន្ន នៅទីតាំងបង្រៀនបណ្ដោះអាសន្ននេះ មានក្រុមការងារ និងលោកគ្រូ អ្នកគ្រូ សរុបចំនួន ៣៣នាក់ និង មានសិស្សភៀសសឹកសរុបប្រមាណ ១០០០នាក់៕

