(ភ្នំពេញ)៖ ក្រោយការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលជំនាញ បានប្រើប្រាស់ពេលប្រមាណ១៧ម៉ោង ដៀម្បីបំបែកសំណុំរឿងឃាតកម្មស្ដ្រីជនជាតិបរទេសសម្លាប់ស្ដ្រីដូចគ្នា នៅសួនច្បារមុខសាលាក្រុងកោះពេជ្រ​ វិថីសួនច្បារ​ ក្រុម៧៨​ ភូមិ១៤​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

ករណីនេះដែរ ​នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវស៊ើបអង្កេតឈានទៅដល់បង្រ្កាបបានស្រ្តីសង្ស័យជនជាតិកុងហ្គោម្នាក់ កាលពីវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ចំណុចហាងសាឡនយីហោZOLA ផ្ទះលេខ105H ផ្លូវលេខ200​ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ ដែលស្រ្តីសង្ស័យបានធ្វើសកម្មភាពយកកូនកាំបិតចាក់ និងអាករសម្លាប់ស្ត្រីរងគ្រោះម្នាក់ ជាជនជាតិអង់គ្លេសបណ្តាលឲ្យស្លាប់ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២៣៖៤០នាទី។

លោកបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ HOPKINS JESSICA CARIAD ភេទស្រី អាយុ៣៤ឆ្នាំ​ ជនជាតិអង់គ្លេស​ លិខិតឆ្លងដែនលេខ133549889​ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងខណ្ឌជ្រោយចង្វារ។ ចំណែកស្រ្តីសង្ស័យឈ្មោះ KIDIKILA NGANDA GLODIE ភេទស្រី​ អាយុ៣៣ឆ្នាំ​ ជនជាតិកុងហ្គោ កាន់លិខិតឆ្លងដែនលេខOP1538331។ អំពើឃាតកម្មនេះ គឺមូលហេតុស្នេហាត្រីកោណ។

បច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនជនសង្ស័យខាងលេី មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីបន្តតាមនីតិវិធី​៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed