(ភ្នំពេញ)៖ រយៈកាលកន្លងមក រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។
ជាមួយគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្របតាមបទបញ្ជានាយករដ្ឋមន្ត្រី ដោយធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់។
ជាថ្មីម្តងទៀត នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលក់ចែកចាយបារីអេឡិចត្រូនិក (Vape) មួយកន្លែង នៅចំណុចផ្ទះគ្មានលេខ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយចាប់យកឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីជាងពីរពាន់ រួមមាន៖ បារីអេឡិកត្រូនិក(ម៉ាស៊ីន) ចំនួន ៧៦៩ដើម និងក្បាលជក់ ចំនួន ១,៩៣០ ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំងចំនួន ០២នាក់ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


