(ភ្នំពេញ)៖ ស្ត្រីម្នាក់ បានដើរទៅមាត់ទន្លេរួចលោតចូលទឹក ប៉ុន្តែត្រូវបានប្រជាពលរដ្ឋជួយទាន់ពេលវេលា កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយមាត់ទន្លេ បរិវេណទល់មុខវត្តឧណ្ណាលោម សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីខាងលើ ដែលមានវ័យប្រមាណជាង ៤០ឆ្នាំ បានដើរថ្មើរជើងឆ្ពោះទៅកាន់ច្រាំងទន្លេ នៅប៉ែកខាងមុខវត្តឧណ្ណាលោម បន្ទាប់មកគេឃើញគាត់ធ្វើសកម្មភាពដើរចុះជណ្តើរទៅជិតមាត់ទឹក និងលោតចុះទឹកតែម្តង។ សកម្មភាពនេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះ នាំគ្នាជួយសង្គ្រោះទាន់ពេលវេលា ដោយនាំស្ត្រីរូបនោះឡើងមកលើគោកវិញ ប៉ុន្តែគាត់ក៏បានសន្លប់មួយសន្ទុះ ទើបដឹងខ្លួនឡើងវិញ។
ក្រោយពីភ្ញាក់ដឹងខ្លួន គេឃើញគាត់មិនបាននិយាយស្តីអ្វីច្រើននោះទេ ព្រោះសភាពឆ្លើយតបទៅកាន់គេទាំងរវើរវាយ ទើបពលរដ្ឋនាំគ្នាទាក់ទងទៅកាន់រថយន្តសាម៉ុយ បញ្ជូនយកទៅព្យាបាលភ្លាមៗផងដែរ៕


