បាត់ដំបង៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១១និង៤៥នាទី នៅចំណុចអូរអាម៉ន ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានទទួលបណ្ដឹង មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ម៉ូតូគំរាមយកទ្រព្យសម្បត្តិ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ​ បានធ្វើសកម្មភាពកាប់ម៉ូតូគំរាមយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះឈ្មោះ សឺម ហ៊ុច ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ ផ្នែកជំនាញព្រហ្មទណ្ឌ័ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងស្ទាក់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ រ៉េត បញ្ញាពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅចំណុចអន្លង់មៀន ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ព្រមទាំងទ្រព្យសម្បត្តិរបស់ជនរងគ្រោះ នាំយកមកអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ។

ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ម៉ូតូគំរាមយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ត្រង់ចំណុចកើតហេតុខាងលើ ពិតប្រាកដមែន។ វត្ថុតាងដកហូតបានរួមមាន៖ ទូរស័ព្ទដៃ ០១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក និងលុយមួយចំនួន រួចធ្វើការប្រគល់ជូនជនរងគ្រោះវិញ ។

ករណីនេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកគាស់ក្រឡ សាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed