សហរដ្ឋអាម៉េរិក-ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ី និងសហរដ្ឋអាម៉េរិក ដែលចូលរួមដោយប្រទេសចំនួន ១២ ផ្សេងទៀត បានចាប់ផ្តើមធ្វើសមយុទ្ធ ស៊ុបភើ-ហ្គារូដា-សៀល ឆ្នាំ២០២៥ (Super Garuda Shield 2025) នៅឯរដ្ឋធានីហ្សាកាតា (Jakarta) កាលពីដើមសប្ដាហ៍នេះ ។
នេះគឺជាសមយុទ្ធយោធាចម្រុះជាតិសាសន៍ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយកងកម្លាំងជាង ៥,៤០០ នាក់បានបង្ហាញវត្តមានចូលរួមនៅក្នុងសមយុទ្ធនេះ រួមទាំងទាហានឥណ្ឌូណេស៊ីប្រមាណជា ៤,១០០ នាក់ និងទាហានអាម៉េរិកចំនួន ១,៣០០ នាក់ ដោយមានកងកម្លាំងចូលរួមបន្ថែមទៀតពីប្រទេសអូស្ត្រាលី ជប៉ុន សិង្ហបុរី បារាំង នូវែលសេឡង់ដ៍ និងចក្រភពអង់គ្លេស។ ក្រៅពីនេះ ប្រទេសចំនួន ១១ ផ្សេងទៀត ដូចជាឥណ្ឌា និងប៉ាពួញូហ្គីណេ បានបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួម ។
សមយុទ្ធនេះ រួមបញ្ចូលគ្នានូវប្រតិបត្តិការកម្រិតខ្ពស់នៅលើប្រព័ន្ធអ៊ីនធឺណិត, ការហ្វឹកហ្វឺនបាញ់គ្រាប់ពិត និងអនុវត្តការឆ្លើយតបគ្រោះអាសន្នរបស់យោធាប្រសិនបើមានការប៉ះពាល់ដល់ជនស៊ីវិល។ ជុំវិញប្រតិបត្តិការទាំងនេះ មានគោលបំណងដើម្បីពង្រឹងស្ថិរភាពក្នុងតំបន់ កិច្ចសហប្រតិបត្តិការយោធា និងអន្តរប្រតិបត្តិការក្នុងចំណោមសម្ព័ន្ធមិត្តក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ក្រុមមន្ត្រីបានពណ៌នាថា ព្រឹត្តិការណ៍នេះ គឺជាវេទិកាមួយសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និង ការទូតយោធា ដែលអនុញ្ញាតឱ្យអ្នកចូលរួមអាចហ្វឹកហាត់ និងកែលម្អសមត្ថភាពរួមគ្នា ។
គួររម្លឹកថា សមយុទ្ធស៊ុបភើ-ហ្គារូដា-សៀល (Super Garuda Shield) បានចាប់ផ្តើមធ្វើឡើង កាលពីឆ្នាំ ២០០៧ ជាសមយុទ្ធទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងឥណ្ឌូណេស៊ី ហើយជាបន្តបន្ទាប់មកទៀត ក៏បានប្រែក្លាយខ្លួនទៅជាព្រឹត្តិការណ៍ពហុជាតិដ៏សំខាន់មួយ។ សមយុទ្ធនៅឆ្នាំនេះ នឹងធ្វើឡើងនៅតាមទីតាំងមួយចំនួនរបស់ឥណ្ឌូណេស៊ី រួមទាំងទីក្រុងហ្សាកាតា កោះស៊ូម៉ាត្រា និងកោះរីអូ (Riau) ដែលប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៥ ៕